មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាត្រូវអត់ធ្មត់ខ្ពស់បំផុតចំពោះសកម្មភាពបង្កហេតុរបស់យោធាថៃ

អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា កម្ពុជាបានអនុវត្តការអត់ធ្មត់ខ្ពស់បំផុតចំពោះសកម្មភាពបង្កហេតុនានារបស់កងទ័ពថៃ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរមានប្រសិទ្ធភាព។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការអត់ធ្មត់ហើយមិនប្រើសិទ្ធិការពារខ្លួន នឹងធ្វើឱ្យកម្ពុជាប្រឈមបាត់បង់ទឹកដី។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី ១៤ ខែសីហា ថា បើ​ទោះ​បី​ជា​កម្ពុជា​ខំ​អត់ធ្មត់ ប៉ុន្តែ​កម្ពុជា​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា​តាម​ផ្លូវ​ការទូត និង​បាន​ចងក្រង​ទុក​រាល់​សកម្មភាព​ឈ្លានពាន​ទាំង​អស់​របស់​កងទ័ព​ថៃ អំឡុង​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​អនុវត្ត​បទ​ឈប់​បាញ់។

ក្នុង​នាម​ជា​ប្រទេស​ស្រលាញ់​សន្ដិភាព កម្ពុជា​អត់ធ្មត់​យ៉ាង​ខ្លាំង​បំផុត នៅ​លើ​សមរភូមិ​យោធា ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​អាវុធ ប៉ុន្តែ​កម្ពុជា​សកម្ម​ខ្លាំង​នៅ​លើ​សមរភូមិ​ការទូត នេះ​ខ្ញុំ​ចង់​ឱ្យ​បងប្អូន​យើង​ចងចាំ​ចំណុច​ត្រង់​នេះ។

—  លោក ប៉ែន បូណា

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្រោយ​យោធា​ថៃ​ប្រដាប់​ដោយ​អាវុធ បាន​ដើរ​រុល​ចូល​ទឹក​ដី​កម្ពុជា រាយ​បន្លា​លួស​តាម​ព្រំដែន​ដោយ​ឯកតោ​ភាគី ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ និង​ផ្ទះ​សម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តព្រះវិហារ ហើយ​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ និង​ជីក​ធ្វើ​លេណដ្ឋាន​ជាដើម។ កាល​ពី​ថ្ងៃ​ទី១៣ ខែសីហា ទាហាន​ថៃ​បាន​ប្រើប្រាស់​សត្វសុនខ(ឆ្កែ) ល្បាត​បំពាក់​ប្រព័ន្ធ GPS និង​កាមេរ៉ា​ចូល​មក​ប្រាសាទ​តាក្របី ខណៈ​មេបញ្ជាការ​ភូមិភាគ​២​របស់​ថៃ​លោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) គំរាម​ប្រើ​កម្លាំង​ចូល​កាន់កាប់​ប្រាសាទ​នេះ។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ថា យោធា​កម្ពុជា​គួរ​តែ​ចេញ​ទៅ​រុញ​ច្រាល​ទាហាន​ថៃ​ឱ្យ​ដក​ថយ និង​រុះរើ​បន្លា​លួស​និង​កង់​ឡាន​ចេញ​ពី​ទឹក​ដី​កម្ពុជា​វិញ ដោយ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ទាហាន​ថៃ​ចូល​មក​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​នោះ​ទេ។

ការ​អត់ធ្មត់​និង​ការ​ប្រមូល​ភស្ដុតាង​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​មិន​គ្រប់គ្រាន់​នោះ​ទេ ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​រារាំង កុំ​ឱ្យ​ទាហាន​ថៃ​រំលោភបំពាន​ទឹក​ដី​ខ្មែរ​ស្រេច​តែ​ចិត្ត​អ៊ីចឹង។ យក​កម្លាំង​ប្រដាប់​អាវុធ​យើង រុញច្រាល​ថៃ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​វិញ កុំ​ឱ្យ​រាយ​បន្លា​លួស​ស្រេច​ចិត្ត​អ៊ីចឹង។ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា រើ​បន្លា​លួស​ដែល​ថៃ​ដាក់​រាយ​ទាំង​ប៉ុន្មាន​ហ្នឹង រើ​ចេញ​ទៅ​។

—  លោក អ៊ុំ សំអាន

រយៈពេល​២ថ្ងៃ​ជាប់​គ្នា​គឺ​នៅ​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៥ ខែសីហា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បណ្ដោះ​អាសន្ន ដឹកនាំ​ដោយ​អនុព័ន្ធ​យោធា​ស្ថានទូត​ម៉ាឡេស៊ី បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន ក្នុង​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រះវិហារ នៅ​ទីតាំង​យោធា​ថៃ​រាយ​បន្លា​លួស​និង​ដាក់​កង់​ឡាន​រំលោភ​ចូល​ដី​ភូមិ​ពលរដ្ឋ​ខ្មែរ និង​ទីតាំង​ដែល​ទាហាន​ថៃ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ ដែល​បំពាន​លើ​លក្ខខណ្ឌ​បទ​ឈប់​បាញ់។

កាល​ពី​ថ្ងៃ​ទី១១ ខែសីហា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​ដាច់​ដោយ​ឡែក​ចំនួន​ពីរ​ច្បាប់ ទៅ​ប្រធាន​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​រាយការណ៍​ថា កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ កំពុង​រង​ការ​គំរាមកំហែង​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​កងទ័ព​ថៃ​បាន​បង្កើន​ការ​រំលោភ​ចូល​ដែន​អធិបតេយ្យភាព និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា។

ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​យល់ឃើញ​ថា ក្រៅ​ពី​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ហើយ រដ្ឋាភិបាល​កម្ពុជា​ក៏​គួរ​ពន្លឿន​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ស្នើ​ទៅ​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កោះ​ប្រជុំ​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ជា​បន្ទាន់ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​យោធា​ថៃ​គោរព​តាម​លក្ខខណ្ឌ​បទ​ឈប់​បាញ់ និង​បញ្ឈប់​សកម្មភាព​ឈ្លាន​ពាន​លើ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។